kalib9

ប្ដីប្រពន្ធមួយគូ បានឈ្លោះគ្នា ហើយមិននិយាយគ្នា ៣ថ្ងៃហើយ

ប្ដីប្រពន្ធមួយគូ បានឈ្លោះគ្នា ហើយមិននិយាយគ្នា ៣ថ្ងៃហើយ។ ថ្ងៃបន្ទាប់ បុរសជាប្ដី ត្រូវមានកិច្ចប្រជុំសំខាន់មួយ ដែលត្រូវក្រោកពីព្រឹក ប្ដីចង់ឱ្យប្រពន្ធដាស់ ឱ្យក្រោកនៅម៉ោង៦ព្រឹក តែគាត់មិនចង់និយាយរកប្រពន្ធមុនទេ គាត់ក៏បាន សរសេរនៅលើក្រដាសមួយសន្លឹកថា ៖

– ព្រឹកស្អែកម៉ោង៦ ដាស់ខ្ញុំឱ្យក្រោកផង ព្រោះខ្ញុំត្រូវទៅប្រជុំ

ដល់ស្អែកឡើងគាត់ក៏ភ្ញាក់មក ហើយមើលម៉ោង ស្រាប់តែម៉ោង៩បាត់ទៅហើយ គាត់ក៏ស្រែកដាក់ប្រពន្ធគាត់ថា ៖

– នេះអូនគិតស្អី មានដែលខ្វល់យកចិត្តទុកដាក់នឹងបងខ្លះទេ អូនមានបានបំពេញនូវតួនាទីរបស់អូនទេ បងឱ្យអូនជួយបងប៉ុណ្ណឹង ក៏អូនធ្វើមិនបានដែរមែនទេ?

ប្រពន្ធគាត់ មិននិយាយអ្វីទាំងអស់ តែនាងក្រឡេកទៅមើលលើតុ ប្ដីក៏ក្រឡេកមើលទៅតាម នាងបានសរសេរនៅលើក្រដាសនោះថា ៖

– ម៉ោង៦ហើយ ក្រោកឡើងរៀបចំខ្លួន

ប្ដីក៏ទម្លាក់ទឹកមុខចុះ ព្រោះជាកំហុសរបស់ខ្លួន ដែលចិត្តរឹងមិនព្រមនិយាយរកប្រពន្ធមុន

មនុស្សនៅក្នុងផ្ទះជាមួយគ្នា មានអ្វីគួរតែដោះស្រាយគ្នាទៅ កុំចិត្តខ្លាំងរៀងៗខ្លួនអី ការខ្លាំង គឺមានតែបញ្ហាកាន់តែធំប៉ុណ្ណោះ ៕

ប្រភព : Parenting
ប្រែសម្រួល : #PanhaRoth

Loading...