kalib9

តើខុសគ្នាដូចម្តេចខ្លះរវាង ​សុជីវធម៌ សីលធម៌ និង​គុណធម៌ ​?

សុជីវធម៌ សីលធម៌ និង​គុណធម៌ អាច​ចាត់ទុកជា​កន្សោម​មួយ​នៃ​គុណ​តម្លៃ ដែល​មនុស្ស​មិនអាច​ខ្វះ​បាន​។ គ្រាន់តែ​ថា ធម៌​ទាំងបី​នេះ មានតម្លៃ​ខុសគ្នា​ប៉ុណ្ណោះ​។

សុជីវធម៌ សំដៅលើ​កាយវិការ​សមរម្យ និង​វាចា​ពីរោះពិសា ដែល​សង្គម ទទួលស្គាល់ និង​ឲ្យ​តម្លៃ​។ ឥ​រិ​យាបថ ដែល​មើលទៅ​គប្បី​ភ្នែក និង​ពាក្យសម្តី ដែល​ស្តាប់ទៅ​មិន​ទើស​ត្រចៀក ហើយ​មនុស្ស​ទូទៅ​ក្នុងសង្គម នាំគ្នា​ប្រកាន់ខ្ជាប់ និង​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ គឺជា​សុជីវធម៌​។

​នៅពេល យុវជន​ម្នាក់ ជួប​ចាស់ព្រឹទ្ធាចារ្យ ហើយ​លើក​ទៅ​សំពះ និង​ពោល​ពាក្យ​ជម្រាបសួរ គឺ​ហៅថា សុជីវធម៌​។

​ផ្ទុយ​មកវិញ បើ​បុគ្គល​ណា ខ្វះ​សុជីវធម៌ សកម្មភាព​និង​ពាក្យពេចន៍​របស់គេ ប្រាកដជា​មើលទៅ​ឆ្គង​ភ្នែក និង​ទើស​ត្រចៀក​របស់​អ្នកដទៃ​ជាមិនខាន​។ ជាក់ស្តែង ការ​ខាកស្តោះ និង​ការ​បោះចោល​សំរាម ជាដើម នៅលើ​សួនច្បារ ឬ​ទីក​ម្សា​ន្ត គឺជា​ទង្វើ​ដែល​ខ្វះ​សុជីវធម៌​។

​បើ​បុគ្គល​ណាមួយ គ្មាន​សុជីវធម៌ ទ​ង្វី​ឬ​ពាក្យសម្តី​របស់គេ មិនសូវមាន​ទម្ងន់ ដែល​ធ្វើ​ឲ្យអ្នក​ដទៃ​ឈឺចាប់​នោះទេ ព្រោះ​វា គ្រាន់តែ​ជាទង្វើ និង​សម្តី ដែល​មនុស្ស​ផង​គ្នា មិនសូវ​ពេញចិត្ត​ប៉ុណ្ណោះ​។​

​រីឯ សីលធម៌ ហាក់​សំដៅ​ទៅលើ​ចិត្ត​និង​ចេតនា ជាជាង​កាយវិការ និង​ពាក្យសម្តី​។ សីលធម៌ គឺជា​ភាពត្រឹមត្រូវ​របស់​មនុស្ស ដែល​ប្រកាន់ខ្ជាប់​ក្នុង​ចិត្ត ទោះ​ជាមាន​អ្នកដទៃ​ដឹង ឬ​មិនដឹង​ក៏ដោយ​។ ការតាំង​ចិត្ត​ថា មិន​ធ្វើអំពើ​អាក្រក់ ឬ​មិន​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ណាមួយ ដែល​បង្ក​ការឈឺចាប់​ដល់​អ្នកដទៃ ហៅថា​សីលធម៌​។

​ការមិន​សម្លាប់ ការមិន​បៀតបៀន ការមិន​កុហក ការមិនប្រព្រឹត្ត​កាម​គុណលើ​កូន ប្រពន្ធ និង​ប្តី​របស់​អ្នកដទៃ គឺ​សុទ្ធសឹងតែ​ជា​សីលធម៌ ដែល​ក្នុង​ភាសា​ព្រះពុទ្ធសាសនា ហៅថា​សីល​។ មែនទែនទៅ សូម្បីតែ មិន​ធ្វើ​ទង្វើ​ណាមួយ ដែល​ប៉ះទង្គិច​ផ្លូវចិត្ត​អ្នកណាម្នាក់ ក៏​ចាត់ទុកថា មាន​សីលធម៌​ដែរ​។​

​ពេលខ្លះ សីលធម៌ ឬ​អសីលធម៌ ក៏​អាច​បង្ហាញ​តាមរ​យៈ​កាយវិការ និង​វាចា​ដែរ​។

​នៅពេល​បុរស​ណា​ម្នាក់ មិន​ធ្វើ​ទង្វើ ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នារី គឺ​ចាត់ទុកថា​បុរស​នោះ មាន​សីលធម៌ ចំពោះ​នារី​។ តែ បើ​បុរស​ណា​ម្នាក់ ហ៊ាន​ប៉ះពាល់​រាងកាយ​របស់​នារី ដោយមាន​លក្ខណៈ​បែប​ជ្រុស​ហួសប្រមាណ ឬក៏​ប្រើពាក្យ​អាសអាភាស​ដាក់​នាង ហៅថា អសីលធម៌​។ អសីលធម៌ គឺ​នៅត្រង់ថា ទង្វើ​របស់​បុរស​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់​នារី​។

​ចំណែក គុណធម៌ គឺជា​ចិត្តមេត្តា ដែល​កើតមាន​ចំពោះ​អ្នកដទៃ ហើយ​ចង់​ជួយ​អ្នកដទៃ តាមរបៀប ឬ​មធ្យោបាយ​ណាមួយ​។ អាច​និយាយ​ត្រឡប់មកវិញ​ថា ឲ្យ​តែ​អ្នកដទៃ ទទួលបាន​ផល​អ្វីមួយ ដែលជា​អំពើ​ល្អ អំពើ​ជា​ប្រយោជន៍ ការ​អធ្យាស្រ័យ ឬក៏​ការលើកលែងទោស​ពី​អ្នក ហៅថា​គុណធម៌​។

​បើ អ្នកមាន​ទ្រព្យ​ច្រើន ហើយ​លះបង់​ទ្រព្យ​ខ្លះ ដើម្បី​ជួយ​អ្នកក្រខ្សត់ ​ហៅថា​គុណធម៌​។ បើ​អ្នកមានចំណេះដឹង ហើយ​ចែករំលែក​ចំណេះដឹង​ទៅ​ឲ្យ​អ្នកដ​ទៃ ព្រោះ​ចង់​ឲ្យ​អ្នកដទៃ មានចំណេះដឹង​ដូច​ខ្លួន ហៅថា​គុណធម៌​។ ឃើញ​អ្នកដទៃ មានទុក្ខ​សោក អ្នក​ទៅ​ជួយ​រកធ​ម្យោ​បាយ ដើម្បី​រំសាយ​ទុក្ខសោក​នោះ ហៅថា​គុណធម៌​។ បុគ្គល​ណា​ម្នាក់ ធ្វើ​ខុស​ចំពោះ​អ្នក ហើយ​អ្នក​លើកលែងទោស​ឲ្យ ហៅថា​គុណធម៌​។

​ការ​មាន​ក្តី​សន្តោស ការអត់ឱន និងចេតនា​ចង់​ជួយ​អ្នកដទៃ គឺជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​។ ការមិន​ច្រណែន ការមិន​គុំកួន ការមិន​ព្យាបាទ ការមិន​ធ្វើបាប​អ្នកដទៃ ក៏​ជា​ធាតុ​របស់​បុគ្គល ដែលមាន​គុណធម៌​ដែរ​។

​សុជីវធម៌ មិនអាច​អាច​កំណត់ថា មនុស្ស​ល្អ​ឬ​អាក្រក់​បានឡើយ​។ អ្នកខ្លះ មើលទៅ​ដូចជា​មាន​សុជីវធម៌​ដែរ ដូចជា​បង្ហាញ ឥ​រិ​យាបថ​សុភាពរាបសា ទន់ភ្លន់ ចេះ​គួរសម ហើយ​ត្រឹមត្រូវ​សម្បើម​ណាស់ ប៉ុន្តែ​មានចិត្ត​ឈ្នានីស និង​រុកកួន​អ្នកដទៃ ក៏​ថា​បាន​។ សុជីវធម៌ គ្រាន់តែ​រូបភាព​ខាងក្រៅ​របស់​មនុស្ស​ប៉ុណ្ណោះ មិនអាច​កំណត់​ទាំងស្រុង​ថា​មនុស្ស​នោះ ជា​មនុស្ស​ល្អ ដែលមាន​សីលធម៌ ឬ​គុណធម៌​ឡើយ​។ មាន​សុជីវធម៌ តែ​មិនមាន​សីលធម៌ និង​ខ្វះ​គុណធម៌ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ​។

​មាន​សីលធម៌ ទើប​អាច​កំណត់​បាន​ថា​ជា​មនុស្ស​ល្អ​។ សីលធម៌ មានតម្លៃ​ខ្ពស់ជាង​សុជីវធម៌​។ អ្នក ដែល​មិន​ធ្វើអំពើ​អាក្រក់​ដាក់​អ្នកដទៃ គឺជា​អ្នក​ដែលមាន​សីលធម៌ ឬ​ហៅថា​សីល​។ ប៉ុន្តែ សីលធម៌ មិន​និយាយ​ដល់​ការជួយ​អ្នកដទៃ ឬ​មិន​ជួយ​នោះទេ គឺ​និយាយ​ត្រឹម​ថា មិន​ធ្វើអំពើ​អាក្រក់​ប៉ុណ្ណោះ​។

​ក្នុង​ចំណោម​ធម៌​ទាំងបី គុណធម៌ ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​។ បុគ្គល​ណា ដែលមាន​គុណធម៌ តែងមាន​លក្ខណៈ​ពីរ​យ៉ាង គឺ​ទីមួយ តាំងចិត្ត​ធ្វើ​ទង្វើ​ត្រឹមត្រូវ​ជានិច្ច ដោយ​មិន​ធ្វើអំពើ​ទុ​ច្ច​រឹត​ជាដាច់ខាត ហើយ​ទី​ពីរ ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​។ បុគ្គល​ណា មិន​ធ្វើ​អាក្រក់​ដាក់​អ្នកដទៃ ចាត់ទុកថា មាន​សីលធម៌ ហើយ​បើ​ចេះ​ជួយ​អ្នកដទៃ គឺ​ឈានដល់​កម្រិត​មួយទៀត គឺ​គុណធម៌​។​

​ជារួម ឫកពា​សមគួរ ហើយ​សម្តី​ចេះ​គោរព​គេឯង ហៅថា​សុជីវធម៌​, តាំងចិត្ត​ថា​មិន​ធ្វើ​ទង្វើ​ដែល​ប៉ះពាល់​អ្នកដទៃ ហៅ​សីលធម៌​, មានក្តីសន្តោស និង​ជួយ​អ្នក​ដទៃ ហៅថា​គុណធម៌​។

​ដើម្បី​ឲ្យ​សង្គម​ប្រកបដោយ​សុខដុមរមនា លុះត្រាតែ​មនុស្ស មាន​សុជីវធម៌ សីលធម៌ និង​គុណធម៌​។ បើ​ខ្វះ​ធម៌​ទាំង​បីប្រការនេះ មនុស្ស នឹង​រស់នៅ​មិន​ចុះសម្រុង​នឹងគ្នា មានទំនាស់​នឹង​គ្នា និង​មាន​សេចក្តី​ប្រមាថ​ចំពោះ​គ្នា ជា​ញឹកញាប់មិន​ខាន​៕

Loading...