kalib9

តិច​និច​ធ្វើឱ្យ Ex ត្រឡប់​មក​រក​អ្នក​វិញ

នៅពេលដែលអ្នកបែបបាក់ស្នេហា អ្នកតែងតែប្រាថ្នាចង់ឱ្យគេត្រឡប់មករកអ្នកវិញ តើមែនទេ? ដោយសារអ្នកនៅតែស្រលាញ់គេ ដោយសារតែអនុស្សាវរីយ៍ជាច្រើនដែលធ្វើឱ្យអ្នកពិបាកនឹងបំភ្លេច ភាពកម្សត់កម្ររ ភាពរីករាយ ហើយអ្នកពិតជាអាចអភ័យបានគ្រប់រឿងរ៉ាវទាំងអស់ ឲ្យតែគេកែខ្លួន ហើយត្រឡប់មករកអ្នកវិញ? ប្រសិនបើអ្នកពិតជាចង់បានបែបនេះពិតមែន អ្នកគួរតែអនុវត្តនូវវិធីសាស្រ្តខាងក្រោមនេះ៖

រក្សាភាពស្ងប់ស្ងាត់៖ គូស្នេហ៍មួយចំនួននៅពេលដែលបែកបាក់គ្នា ពួកគេតែងបង្ហាញចេញមកតាមរយៈការផុសនៅក្នុងបណ្តាញសង្គម ឫការនិយាយយកត្រូវរៀងខ្លួននៅចំពោះមុខមិត្តភក្តិជាដើម។ ទង្វើបែបនេះ វាមិនបានធ្វើឱ្យដៃគូម្ខាងទៀត មើលឃើញពីចំណុចវិជ្ជមានរបស់អ្នកនោះទេ ផ្ទុយទៅវិញ វាគឺជាការបំផ្លាញកិត្តិយសទាំងសងខាង ហើយរិតតែធ្វើឲ្យអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាទៀត។

រក្សាសុភាព និងសម្រស់៖ មនុស្សមានលក្ខណៈមិនដូចគ្នានោះទេ អ្នកខ្លះពេលបែកបាក់ស្នេហា គាត់គិតតែពីខូចចិត្ត មិនញាំ មិនគេង មិនចង់ធ្វើអ្វីទាំងអស់ បាក់ទឹកចិត្ត ចង់តែបំផ្លាញខ្លួនឯង ឫបណ្តោយឲ្យខ្លួនដុនដាប ដោយសង្ឃឹមថាដៃគូម្ខាងទៀត អាណិត ហើយត្រឡប់មករកអ្នកវិញ។ ត្រូវចាំថា អ្នកត្រូវឱ្យគេត្រឡប់មករកអ្នកវិញដោយសារតែតម្លៃរបស់អ្នក មិនមែនដោយសារតែការអាណិតអាសូរនោះទេ ដូច្នេះអ្នកត្រូវតែថែសុខភាពរបស់អ្នកឲ្យបានល្អ ហើយអ្នករិតតែត្រូវស្អាតជាងពេលដែលមានគេម្នាក់នោះនៅក្បែរទៅទៀត។

ដើរកំសាន្ត៖ លំហែខ្លះទៅ កុំនៅស្មុគតែម្នាក់ឯងពេក។ ចេញទៅមើលពិភពខាងក្រៅ ជួបជុំមិត្តភក្តិ ញាំរបស់ដែលចូលចិត្ត ទៅកន្លែងដែលចង់ទៅ ស្លៀកសំលៀកបំពាក់ដែលយើងស្រលាញ់។ ត្រូវប្រើជីវិតឲ្យរឹតតែរីករាយ ស្រូបខ្យល់អាកាសបរិសុទ្ធ ថតរូបឲ្យស្អាតៗ ផុសតែស្នាមញញឺមនៅក្នុងគណនីរបស់អ្នកទៅបានហើយ។ មនុស្សទោះបែកគ្នាយ៉ាងណា ឫមានអ្នកថ្មីយ៉ាងណា ក៏គង់តែលួចចូលមើល profile មនុស្សអតីតដែរ។ ថាមិនត្រូវ មើលហើយ អង្គុយស្តាយក្រោយផងក៏មិនដឹង។

អភិវឌ្ឍខ្លួន៖ កុំបណ្តោយឲ្យការខូចចិត្តបំផ្លាញអនាគតអ្នកឲ្យសោះ អ្នកត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនរបស់អ្នកឲ្យកាន់តែប្រសើរឡើង រៀនឲ្យពូកែជាងមុន ការងារត្រូវតែជោគជ័យជាងមុន នៅពេលដែលអ្នកជោគជ័យ អ្នកនឹងមានអារម្មណ៍កាន់តែរីករាយ ហើយគេម្នាក់នោះ និងកាន់តែឃើញពីគុណតម្លៃ និងភាពរឹងមាំរបស់អ្នក។

និយាយរាប់រកគ្នាធម្មតា៖ វាពិតជាពិបាកធ្វើចិត្តណាស់មែនទេ? បើទោះបីជាចិត្តរបស់អ្នកនៅតែស្រលាញ់គេ តែវាពិតជាពិបាកធ្វើចិត្តធម្មតា និយាយគ្នាធម្មតានៅពេលដែលបានជួបគ្នាណាស់។ ប៉ុន្តែអ្នកសាកល្បងគិតមើល ប្រសិនបើគេពិតជាដឹងកំហុស និងចង់ត្រឡប់មករកអ្នកពិតមែន តែអ្នកនៅតែប្រកាន់ខឹងនឹងគេ មិននិយាយរកគេបែបនេះ តើគេម៉េចនឹងហ៊ានមករកអ្នកវិញទៅ? បើកចិត្តឲ្យទូលាយ ហើយប្រសិនបើគេនិយាយជាមួយអ្នក អ្នកគួរតែនិយាយជាមួយគេវិញធម្មតាទៅ៕

Loading...