kalib9

មិនធម្មតាទេ! ស្ពានមាស Golden Bridge ទ្រដោយបាតដៃ ទាក់ចិត្តទេសចរ ផ្តិតយកទិដ្ឋភាពយ៉ាងស្រស់ត្រកាល (មានវីដេអូ)

វៀតណាម៖ រចនាបថសំណង់ស្ពានថ្មើរជើង ដែលមិនធ្លាប់មានពីមុនមក ទីបំផុតបានលេចរូបរាងនៅឯប្រទេសវៀតណាម យ៉ាងស្រស់ប្លែក Golden Bridge ឬស្ពានមាស (ពណ៌ទឹកមាស) ដែលកំពុងតែទាក់ទាញចិត្តភ្ញៀវទេសចរមកគ្រប់មជ្ឈដ្ឋាន ចង់មកកម្សាន្ត និងផ្តិតយកទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលពីលើអាកាស ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្ពាន Golden Bridge នេះ ត្រូវបានសាងសង់ឡើង កម្ពស់ ១,៤០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ នៅឯតំបន់ឧទ្យាន Ba Na Hills (លើភ្នំ Trường Sơn Mountains) នាទីក្រុង Da Nang ប្រទេសវៀតណាម។

Golden Bridge ជាស្ពានឌីហ្សាញឡើង ជាមួយនឹងទម្រង់ម៉ូតកោងរំលេចពណ៌មាស ដែលមានប្រវែងសរុប ១៥០ម៉ែត្រ។ អ្វីដែលជាលក្ខណៈពិសេស ស្រស់ស្អាត និងជាចំណែករឹតតែទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរ ចង់ឃើញចង់ទៅផ្ទាល់នោះ គឺវាត្រូវបានសាងសង់ឡើង ដោយមានបាតដៃមនុស្សចំនួន២ ទ្រពីក្រោមដែលជាសំណង់កម្របានឃើញបំផុត ចំពោះរចនាបថដ៏ប្លែកមួយនេះ។

 

ស្ពាន Golden Bridge

បើទោះបីជាយ៉ាងណាក្តី កុំច្រឡំឲ្យសោះថា បាតដៃទ្រស្ពាននេះ គឺជាការដាប់ឆ្លាក់ចេញពីផ្ទាំងថ្មឲ្យសោះ ប៉ុន្តែផ្ទុយទៅ​​​​​​​​​​​​​​​វិញ វាគឺជាសាងសងឡើងមួយ តាមរយៈការបង្កើតជាគ្រោងឆ្អឹង និងគ្របដណ្ដប់ដោយសរសៃដែកជាច្រើនផ្សេងទៀត (ចាក់ស្រែះដូចសំណាញ់) ដើម្បីផ្គុំចេញជារូបរាង និងចុងបញ្ចប់ចាក់បំពេញដោយសាធាតុម្យ៉ាងហៅថា Fiberglass ដោយចំណាយរយៈពេលរហូតដល់ទៅ ១ឆ្នាំឯណោះ ក្រោមការស្ថាបនាស្ពាននេះឡើង។ នេះបើយោងតាមការឲ្យដឹងពី TA Landscape Architecture ក្រុមហ៊ុនឌីហ្សាញទម្រង់ម៉ូតស្ពាននេះបានលើកឡើង។

ស្ពាន Golden Bridge

គួរឲ្យដឹងផងដែរថា ស្ពាន Golden Bridge បានបើកដំណើរការជាលើកដំបូង តាំងតែពីកំឡុងខែមិថុនា កន្លងទៅមកម្ល៉េះ ដែលជាគម្រោងសាងសង់ឡើងដោយក្រុមហ៊ុន Sun Group នៅលើកំពូលភ្នំ Trường Sơn ដែលជាតំបន់ធ្លាប់ត្រូវបានបង្កើតឡើង ដោយពួកអាណានិគមនិយមបារាំង រួមមានជាភូមិគ្រឹះ (រចនាបថបែបបារាំង) ប្រាសាទ វិហារធំ និងសារមន្ទីរជាដើមនៅទីនោះ ប្រៀបបីដូចជាឋានសួគ៌មួយ នាកំឡុងឆ្នាំ១៩១៩។

សំណល់ទីតាំងដែលសល់ពីបារាំងមួយនេះ ភ្ញៀវទេសចរអាចទស្សនាឃើញនូវតំបន់ជុំវិញក្នុងទីក្រុង Da Nang តាមរយៈការឈរមើលពីលើស្ពាន Golden Bridge និងជិះកន្រ្តខ្សែកាប កាត់តាមដងព្រៃភ្នំផងដែរ។

ភ្ញៀវទេសចរម្នាក់ ឈ្មោះ Nguyen Trung Phuc បានប្រាប់អ្នកសារព័ត៌មានថា «ស្ពាននេះពិតជាស្រស់ស្អាត ជាមួយនឹងរចនាបថស្ថាបត្យកម្មដ៏អស្ចារ្យ ហើយនៅទីនេះយើងក៏អាចមើលឃើញពីទិដ្ឋភាពនៃទីក្រុង Da Nang បានផងដែរ។ វាពិតជាអស្ចារ្យខ្លាំងណាស់!» ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖   

 

 

 

 

ប្រភព៖ https://www.khmerload.com/news/86512

Loading...