kalib9

ខ្ញុំមិនមែននៅលីវទេ គឺខ្ញុំមានប្រពន្ធហើយ!

និទានកថាបរទេស

នរណាពូកែជាង?

ខ្ញុំកំពុងអង្គុយក្រេបភេសជ្ជៈនៅក្នុងបានីយដ្ឋានមួយ។ ខណៈនោះនារីស្រស់ស្អាតវ័យក្មេងម្នាក់បានដើរមកដាក់ប្រាណអង្គុយទល់មុខខ្ញុំហើយបន្លឺថា:
-” បងប្រាកដជាទទួលស្វាគមន៍អូន!”

ខ្ញុំតបវិញថា:
-” ខ្ញុំមិនមែននៅលីវទេ គឺខ្ញុំមានប្រពន្ធហើយ!”

នាងពោលវិញថា:
-” តែខ្ញុំនៅក្មេងនិងស្អាតជាងប្រពន្ធរបស់បង! ប្រពន្ធរបស់បងចាស់ហើយ! បងនៅស្រណោះអ្វីទៀត! បងមើលនែ! រូបរាងអូនស៊្វែល ពោះអូនរាបស្មើ ដើមទ្រូងក្បោះក្បំ សាច់អូនណែនក្ដន់ និង ចង្កេះអង្ក្រងទៀតផង! តោះបងយកឡានរបស់បងមក យើងដើរកម្សាន្តឲ្យសប្បាយចិត្តម្ដងមើល! អូនធានាថា អូនអាចធ្វើឲ្យបងមិនអាចបំភ្លេចអូនបានឡើយ!”

ខ្ញុំបន្លឺថា:
-” នាងនៅក្មេង តែនាងមិនអាចប្រៀបផ្ទឹមនឹងប្រពន្ធខ្ញុំបានទេ! នាងមើលឃើញខ្ញុំសង្ហានិងទាក់ទាញ តែនាងដឹងទេថា ទាំងអស់នេះសុទ្ធសឹងតែប្រពន្ធខ្ញុំរៀបចំឲ្យខ្ញុំទាំងអស់ រាប់ទាំងការស្លៀកពាក់ផងដែរ! ការរៀបចំចរិត ឫកពា ឥរិយាបថ អាកប្បកិរិយា និងជោគជ័យរបស់ខ្ញុំគឺបានមកពីការចូលរួមយោបល់ការជំរុញនិងលើកទឹកចិត្តពីនាងទាំងអស់!

រថយន្ត Land Rover ដែលនាងចាប់អារម្មណ៍ គេហដ្ឋានដែលជាទ្រនំដ៏សុខសាន្ត គឺសុទ្ធសឹងតែជាញើសឈាមដែលប្រពន្ធខ្ញុំនិងខ្ញុំបានរួមគ្នាកសាង។

ឥឡូវនេះ នាងបែរជាចង់បានបុរសម្នាក់ដែលជាស្វាមីរបស់ស្រីម្នាក់ ដែលនាងបានមាក់ងាយ បានចំណាយពេលកសាងអស់រាប់ឆ្នាំ!

នាងនៅក្មេងហើយនៅមានអនាគតល្អណាស់! សូមនាងមេត្តាជ្រើសរើសមាគ៌ាជីវិតដែលត្រឹមត្រូវ! នាងប្រាកដជាអាចជួបបុរសនៅលីវម្នាក់!

ប្រសិនបើនាងពូកែជាងប្រពន្ធខ្ញុំនោះ សូមនាងរកបុរសនៅលីវម្នាក់រួចកសាងបុរសនោះឲ្យទទួលបានជោគជ័យដូចដែលប្រពន្ធខ្ញុំធ្វើបានទៅ នោះទើបនាងពូកែជាង!”

ខ្ញុំពោលចប់ក៏ក្រោកឈរឡើង រួចលូកយកកាបូបប្រាក់ហើយហូតយកប្រាក់ដាក់លើតុ ព្រមទាំងបន្លឺថា:
-” ប្រពន្ធខ្ញុំនិងខ្ញុំប៉ាវនាងញុាំភេសជ្ជៈមួយពេល!”

ខ្ញុំដើរចេញក្រោយពីផ្ដល់នូវមេរៀនជីវិតដែលនាងមិនបានរៀននៅសាលារៀន។

រក្សាសិទ្ធ : Bo Tuth

Loading...