kalib9

ប្រវត្តិ លោក កែវ សារ៉ាត់

ពិសាខដើមឆ្នាំ ស្រណោះដីខ្មែរ គោកធ្លកជម្រកខ្ញុំ អនុស្សាវរីយ៍ភ្នំពេញ។ ទំាងអស់នេះ សុទ្ធតែជាបទចម្រៀង ដ៏ល្បីល្បាញ របស់លោកកែវ សារ៉ាត់ ក្នុងអំឡុងទសវត្សរ៍៨០ និង៩០។

លោកកែវ សារ៉ាត់ មានឈ្មោះដើម ឈុំ តេះ មានស្រុកកំណើតនៅ ភូមិវត្តកំផែង ស្រុក​បាត់ដំបង ខេត្ត​បាត់​ដំបង។ លោកកែវ សារ៉ាត់ មានបងប្អូន៧នាក់ ស្រី៤នាក់។

លោក​ជាកូន​ទី២ ក្នុងគ្រួសារ ដែលគ្មានឪពុកម្តាយគ្រប់គ្រង និងក្រីក្រមួយ។ ឪពុកម្តាយរបស់លោកកែវ សារ៉ាត់ បានទទួលមរណភាពអំឡុងឆ្នាំ១៩៧៧ ដូចគ្នា ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។

Download 4_WWW 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មុនពេលក្លាយជាអ្នក​ចម្រៀង​អាជីព ដ៏ល្បីល្បាញនៅទសវត្សរ៍៨០ និង៩០ លោក​កែវសារ៉ាត់ គឺជាតួសម្តែងល្ខោននៅជំរុំខាវអ៊ីដាង។

នៅក្នុងជំរុំខាវអ៊ីដាង ក្រៅពីជាតារាសម្តែងល្ខោន លោកកែវ សារ៉ាត់ ក៏ជា ជាងគំនូរ និង​ចម្លាក់ផងដែរ។ លោកកែវ សារ៉ាត់ បានសម្រេចចិត្តរៀបការជាមួយ​នារីម្នាក់ឈ្មោះចន្ធូរ នៅ​ឆ្នាំ១៩៨១ មុនពេលលោករត់ភៀសខ្លួនទៅកាន់ជំរុំខាវអ៊ីដាង ព្រំដែនកម្ពុជាថៃ បន្ទាប់ពី​ភរិយា​ទីមួយរបស់លោក រត់ចោលលោកនៅខេត្តបាត់ដំបង ក្រោយពេលរស់នៅជាមួយគ្នា​បាន​កូន​មួយ។

លោកកែវ សារ៉ាត់ ទ្រាំរស់នៅក្នុងជំរុំ ដ៏សោកសៅខាវអ៊ីដាងរយៈពេល១ឆ្នាំ គឺនៅឆ្នាំ​១៩៨២ ទើបលោក និងភរិយា ចាក​ចេញទៅស្នាក់នៅខេត្តឈុនបុរី ប្រទេសថៃរយៈពេល៦ខែ និងបន្តទៅស្នាក់នៅ​ប្រទេសហ្វីលី​ពីន៦ខែទៀត ទើបទៅដល់ទឹកដីសហរដ្ឋអាមេរិក។

ពេលទៅដល់សហរដ្ឋអាមេរិក គឺរយៈពី៤ ទៅ៥ខែដំបូង នៃឆ្នាំ១៩៨៣ ជីវិភាពរស់នៅ របស់លោកកែវ សារ៉ាត់ គឺលំបាកលំបិនខ្លាំងណាស់ ព្រោះមិនទាន់មានអាជីពច្បាស់។ ប៉ុន្តែ​ក្រោយមក លោកក៏បានចូលទៅសាកល្បងច្រៀងក្នុងផលិតទេពប្រណម របស់លោកពង្ស គិត។

វ៉ុលចម្រៀងដំបូង របស់លោកកែវ សារ៉ាត់ មិនត្រូវបានគេស្គាល់ទេ ប៉ុន្តែ នៅពេលលោក ចេញវ៉ុលទី២ ក្នុងអំឡុងចុងឆ្នាំ១៩៨៣ ដែលមានបទ ស្រណោះដីខ្មែរ ទំពែកគ្រូសូត្រ អូន​មើល​ក្នុងសួន និងបទល្បីផ្សេងទៀត ទើបកិត្តិនាមរបស់លោកកក្រើកឡើង។

ឆ្នាំ១៩៨៤ នៅកម្ពុជា ទោះបីកាលនោះ បទចម្រៀងស្នេហា ត្រូវបានគេហាមឃាត់​ដោយ​​តំបន់ក្តី តែ​ចម្រៀងរបស់លោកកែវ សារ៉ាត់ ត្រូវបានគេឮ តាមរយៈឧឃោសនស័ព្ទ ក្នុង​

ពិធី​បុណ្យ ឬពិធីមង្គល​ការផ្សេងៗ។

ម៉ៅ ចាន់ថន ជាគ្រូ និងប្រធានក្រុមល្ខោនលោកកែវ សារ៉ាត់ កាលនៅជំរុំ បានផ្តល់​បទ​សម្ភាស​ឲ្យទស្សនាវដ្តីរីករាយកាលពីឆ្នាំ២០០៦ថា ដោយមានទេពកោសល្យល្អពីកំណើត ទោះ​មិនសូវចេះអក្សរ ក៏លោកកែវ សារ៉ាត់ ងាយស្រួលបង្រៀន។

លោក បានបង្រៀន​អក្សរភ្លេង និងពត់សំឡេងច្រៀងដល់លោកកែវសារ៉ាត់។ លោកកែវ សារ៉ាត់ មានសំឡេងខ្ពស់បំផុត ក្នុង ការច្រៀង ដូច្នេះហើយ នៅពេលល្ខោនចាប់សម្តែង លោកកែវ សារ៉ាត់ តែងតែច្រៀង ជំនួស តួឯក ដែលច្រៀងមិនសូវពិរោះ។

ចុងឆ្នាំ១៩៨៥ លោកកែវ សារ៉ាត់ បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺមហារីកបំពង់ ក ហើយ​បានធូរស្រាលឡើងវិញ នៅឆ្នាំ១៩៨៦។ ក្រោយពីធូរស្បើយពីជំងឺ លោកកែវ សារ៉ាត់ បាន​បន្តអាជីពរបស់លោកបន្តទៀត រហូតឆ្នាំ១៩៨៨ ជំងឺលោកក៏រើឡើងវិញ។

ឆ្នាំ១៩៨៩ ជំងឺ​របស់លោកបានធូរស្រាលម្តងទៀត ប៉ុន្តែ នៅឆ្នាំ១៩៩០ ជំងឺមហារីរបស់លោកបានកម្រើក​ឡើង​​​ជាលើកទី២ ធ្វើឲ្យលោក ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរ ហើយបានទទួលមរណភាពនៅ ឆ្នាំ​១៩៩១ ក្នុងវ័យ២៧ឆ្នាំ។

មិត្តជិតស្និទ្ធរបស់លោកកែវ សារ៉ាត់ បានឲ្យដឹងថាលោកកែវ សារ៉ាត់ មិនមែនជា​មនុស្ស​លោភលន់នោះទេ តែលោកស្រលាញ់វិស័យសិល្បៈចម្រៀង។ លោកកែវ​សារ៉ាត់ តែងតែបដិ​សេធ មិនទៅច្រៀងនៅតាមរង្គសាលនៅសហរដ្ឋអាមេរិក ទោះបីតម្លៃខ្លួន នៃការ​ច្រៀង​របស់​លោកមួយយប់ ទទួលបានពី១៥០០ ទៅ២៥០០ដុល្លារក្តី។

ផ្តល់បទសម្ភាស ជាមួយលោកសេង ដារ៉ា អ្នកចងក្រងជីវប្រវត្តិ អ្នកចម្រៀង គ្រប់​សម័យ​កាល លោកឯល ប៊ុណ្ណា កវីនិពន្ធ ដ៏មានបទពិសោធន៍តាំងពីទសវត្សរ៍៧០មកនោះ បាន​ឲ្យដឹងថា នៅអំឡុងឆ្នាំ១៩៨៨ ៨៩ លោកកែវ សារ៉ាត់ បានមកដល់ភ្នំពេញ ដោយបាន​យក​​សំណៅ​ដើមនៃអត្ថបទចម្រៀងមួយចំនួន ជូនលោក ដើម្បីជួយសម្រួលបទភ្លេង។

លោក​កែវសារ៉ាត់ បានបញ្ចេញសំឡេងគ្រហឹមតាមមាត់ ដើម្បីឲ្យលោក សម្រួលតន្រ្តី ហើយបទ​ចម្រៀង​ ដែលលោកជួយសម្រួលតន្រ្តីនោះ មានដូចជាបទ ស្រមៃទីក្រុងភ្នំពេញ កញ្ញាដកម៉ៃ និងគ្មានសង្ឃឹមទេ ដែលយើងកំពុងស្តាប់ និងទស្សនានេះជាដើម។

ក្រៅពីច្រៀងត្អូញត្អែពីជីវិតស្នេហាដ៏មហាឈឺចាប់ ទុក្ខសោកព្រាត់ប្រាស់ លោកកែវ​សា​រ៉ាត់ ក៏បានច្រៀងរៀបរាប់ពីជីវិតនិរាសព្រាត់ប្រាស់ទឹកដីកំណើតសុណ្ណភូមិ ដ៏កម្សត់ជូរចត់​ផង​ដែរដូចជាបទ ស្រណោះដីខ្មែរ មហា​​ស្រ​ណោះ ពិសាខដើមឆ្នាំនិងបទគោកធ្លកជម្រកខ្ញុំ។

បច្ចុប្បន្ននេះ ទោះបីចាលោកកែវ សារ៉ាត់ លាចាកលោកផុតទៅជា ជាង២ទសវត្សរ៍ទៅ ហើយក្តី ប៉ុន្តែ សំនៀងរបស់លោក នៅតែផ្អែម នៅតែអង្រួនដួងចិត្ត នៅតែស្ថិតក្នុង​ក្រអៅ​បេះ​ដូង ប្រជា​ពល​រដ្ឋ គ្រប់ទីតំបន់ដដែល។

មិនថា តែនៅទីប្រជុំជននោះទេ នៅទីជនបទមាត់ញក ដាច់ស្រយាលយ៉ាងណា ក៏គេ នៅតែនិយមស្តាប់ ការច្រៀងបំពេរអារម្មណ៍របស់លោកកែវ សារ៉ាត់ ដូចរៀមច្បងចាស់ៗ មាន​លោក​ស៊ីន ស៊ីសាមុត អ៊ិន យ៉េង អ៊ឹងណារី សុះ ម៉ាត់ រស់ សេរី សុទ្ធា ប៉ែន រ៉ន និងហួយ មាស​ដែរ។

រាល់បទចម្រៀងរបស់លោកកែវ សារ៉ាត់ ទោះបីប្រើប្រាស់ឧបករណ៍ទំនើប ឬរស់​នៅ​លើ​ទឹកដី ដ៏រីកលូតលាស់ នៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យា តែលោក​នៅតែ​បង្ហាញអត្ត​សញ្ញាណ​ និងរក្សានូវ​ពណ៌​សម្បុរ ជា​ជាតិ​​ខ្មែរ​​ជានិច្ច។

Loading...