kalib9

ព្រះជីវប្រវត្ដិសង្ខេបរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត!!!

សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺ​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប ល្បីល្បាញ​ក្នុង​អំឡុង​សហស្សវត្ស​ទី​១៩៥០ ដល់​១៩៦០ ដោយ​ព្រះអង្គ បាន​បង្កើត​ស្នាដៃ​និពន្ធ​ជា​ច្រើន ក្នុង​នោះ​រួមមាន​វចនានុក្រម​ខ្មែរ​ជា​ដើម។

Statue of Samdech Chuon Nath in Phnom Penh

វចនានុក្រម​នោះ​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត បាន​ចូល​ព្រះ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ ១៩៦៩ ក្នុង​ព្រះជន្មាយុ ៨៦ ព្រះវស្សា។ មក​ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១១ គឺ​ជា​ខួប​គម្រប់​ទី ៤១ ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះអង្គ។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែ​ផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មីនា គ.ស ១៨៨៣។

ស្រុក​កំណើត​របស់​ព្រះអង្គ​នៅ​ភូមិ​កំរៀង សង្កាត់​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​មាន​មាតា​ឈ្មោះ យក់ បិតា​ឈ្មោះ ព្រហ្ម ជួន ជា​កសិករ។ ព្រះអង្គ​មាន​បងប្អូន​បង្កើត​ចំនួន​ពីរ​នាក់ គឺ​រូប​ព្រះអង្គ និង​ប្អូន​ប្រុស គឺ​លោក​ឧកញ៉ា​មន្ត្រី ជួន នុត។

សម្ដេច​ព្រះ​សង្ឃ​រាជ​កាល​ក្នុង​វ័យ​កុមារ ព្រះអង្គ​បាន​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​រហូត​ដល់​ជន្មាយុ ១៨ ឆ្នាំ ព្រះអង្គ​បាន​បួស​ជា​សាមណេរ ក្នុង​ពុទ្ធសករាជ ២៤៤១ ត្រូវ​នឹង​គ.ស ១៨៩៧ ។ ព្រះអង្គ​បួស​នៅ​ទីនោះ អស់​រយៈពេល ២ ឆ្នាំ ទើប​ទៅ​រៀន​សូត្រ បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ។

ក្នុង​ព្រះជន្មាយុ ២១ វស្សា ព្រះអង្គ​បាន​បំពេញ​ឧប​សម្បទា​ជា​ភិក្ខុ និង​គង់​នៅ​ក្នុង​វត្ត​ពោធិព្រឹក្ស ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល នៅ​ក្នុង​ព.ស ២៤៤៨ ត្រូវ​នឹង​គ.ស ១៩០៤។ នៅ​ពេល​នោះ​ព្រះអង្គ​បាន​ទទួល​ព្រះនាម​បញ្ញត្តិ ជោតញ្ញាណោ។

ទាក់ទង​នឹង​វិស័យ​សិក្សា គឺ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​រៀន​សូត្រ​ជា​ដំបូង គឺ​មេសូត្រ និង​ប្រែមូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ ពី​ព្រះពុទ្ធឃោសាចារ្យ ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈា។
សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​បាន​រៀន​ចេះ ក្រៅ​ពី​ភាសា​ជាតិ ព្រះអង្គ​ក៏​បាន​ចេះ​ដឹង​នូវ​វេយ្យាករណ៍​ភាសា​បាលី សំស្ក្រឹត ដែល​កាល​នោះ​ក្នុង​រវាង​គ.ស ១៩១០ ក្នុង​ចំណោម​អ្នក​សិក្សា​ភាសា​បាលី ព្រះអង្គ​មាន​ព្រះ​កិត្តិសព្ទ​ល្បី​ថា​ជា ព្រះ​ថេរៈ​មួយ​អង្គ មាន​ភាព​ស្ទាត់​ជំនាញ និង​ពូកែ​ខាង​ភាសា​បាលី។

ម្យ៉ាង​ទៀត​ព្រះអង្គ​បាន​រៀន​ចេះ​ភាសា​ផ្សេងៗ ទៀត​ជា​ច្រើន ដែល​រួម​មាន ភាសា​ថៃ ភាសា​ឡាវ ភាសា​បារាំង អង់គ្លេស និង​វៀតណាម។

នៅ​ពុទ្ធសករាជ ២៤៥៧ ត្រូវ​នឹង​គ.ស ១៩១៣ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​នៅ​ក្នុង​ព្រះ​ឧបោសថរតនារាម វិហារ​ព្រះ​កែវ​មរកត​បាន ៤ ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

នៅ​ឆ្នាំ​១៩១៥ ព្រះអង្គ​បាន​ប្រឡង​ជាប់​លេខ ២ និង​ទទួល​បាន​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វថ្ងៃ​នេះ​ហៅ​ថា ពុទ្ធិកវិទ្យាល័យ សុរា​ម្រឹត។

លុះ​មក​ដល់​ព.ស ២៤៦៣ ដែល​កាល​នោះ​ព្រះអង្គ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា​បាន​ធ្វើ​ជា​សាមណសិស្ស​និមន្ត​ទៅ​បំពេញ​វិជ្ជា​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​លោក ល្វី ហ្វីណូត៍(l Finot) ជនជាតិ​បារាំង​ជា​ចាងហ្វាង​សាលា​នោះ។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ​ជា​ច្រើន​ទៀត ដោយ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​វចនានុក្រម​ខ្មែរ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​ក្នុង​សៀវភៅ​ផ្សេងៗ ដែល​សាលា​បាលី​ជាន់​ខ្ពស់​បាន​បោះពុម្ព​ផ្សាយ។

ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​បាន​ធ្វើ​ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋមសិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋមសិក្សា​ជាន់​ខ្ពស់​បារាំង​ខ្មែរ នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ព.ស ២៤៧១ ត្រូវ​នឹង​គ. ស ១៩២៧ ព្រះអង្គ​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ជំនុំ​ផ្ដាច់​ឆ្នាំ​សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ។ ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​ជា​ចាងហ្វាង​រង​សាលា​បាលី​ជាន់​ខ្ពស់ និង​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក។

ម្យ៉ាង​ទៀត​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ធ្លាប់​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​រឿង​របស់​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ជូន​ពាក្យ​ទាំង​នោះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ និង​ជា​សមាជិក​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​របស់​ក្រសួង​សិក្សាធិការ​ជាតិ។

ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ព.ស ២៤៧៨ គ.ស១៩៣៥ ព្រះអង្គ​ធ្វើ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​ឡាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្រុង​ភ្នំពេញ។ សម្ដេច​ព្រះ​សង្ឃរាជ​ទ្រង់​បាន​ទទួល​តំណែង​ជា​ព្រះចៅ​អធិការ​វត្ត​ឧណ្ណាលោម និង​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់​ខ្ពស់​របស់​ព្រះសង្ឃ។ ម្យ៉ាង​ទៀត​ព្រះ​អង្គ​បាន​ទទួល​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ «ក» នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។

នៅ​ក្នុង​ឆ្នាំ ១៩៦១ ទ្រង់​បាន​ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាសន៍​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុជាតិ​នៅ​រៀង​រាល់​ថ្ងៃ​សុក្រ។ ព្រះអង្គ​ក៏​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។

ទាក់ទង​នឹង​ការ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទស្សនា​នៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម និង​ទៅ​កាន់​ប្រទេស ឡាវ ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ទី​នោះ។

នៅ​ឆ្នាំ​១៩៤៣ ព្រះអង្គ​បាន​ទទួល​តួនាទី​ជា​សមាជិក​ឆ្លើយឆ្លង​សាលា​បារាំង នៅ​ចុង​បូព៌ា​ប្រទេស។ សម្ដេច​ក៏​បាន​ដឹកនាំ​ប្រតិភូ​ទៅ​កាន់​ប្រទេស​ស្រីលង្កា ភូមា ដើម្បី​ធ្វើ​ឆដ្ឋសង្គាយនា​នៅ​ទី​នោះ។ នៅ​មាន​បេសកកម្ម​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត ដែល​សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​បំពេញ​ការងារ។

លុះ​មក​ដល់​ព.ស ២៥០៧ គ.ស ១៩៦៣ ព្រះអង្គ​បាន​ទទួល​ព្រះ​ឋានៈ​ជា​សម្ដេចព្រះសង្ឃរាជ ថ្នាក់​ទី​១ ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា។

បន្ទាប់មកនៅឆ្នាំ១៩៦៧ ព្រះអង្គ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ​ពេញ​លក្ខណៈ​ ពី​សម្ដេច​ព្រះ​ប្រមុខរដ្ឋ ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​ភូមិន្ទ​សកលវិទ្យាល័យ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ទាំង​គម្ពីរ​ស្លឹករឹត និង​គម្ពីរ​ជា​សៀវភៅ ជា​ពិសេស គឺ​សៀវភៅ​ប្រែ​ពី​ភាសា​បាលី​មក​ជា​ភាសាខ្មែរ ដើម្បី​សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​បាន​សិក្សា​រៀន​សូត្រ។

សៀវភៅ​ទាំង​នោះ​រួម​មាន៖ វចនានុក្រម​ខ្មែរ មាន​ពីរ​ភាគ ហើយ​ត្រូវ​បាន​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន​លើក​រួច​មក​ហើយ​រហូត​មក​ដល់​សព្វថ្ងៃ។ សៀវភៅ​កច្ចាយនូបត្ថម្ភកៈ ឬ​វេយ្យាករណ៍​បាលី​មាន​ចំនួន​ពីរ​ភាគ។ សៀវភៅ គិហិបដិបត្តិ សៀវភៅ​សាមណេរ​វិន័យ បាតិមោក្ខសំវារៈ​សង្ខេប កាព្យ​លោកធម៌។ល។

ក្រៅ​ពី​នេះ​ទៀត ព្រះអង្គ​ក៏​បាន​តែង​ជា​សុភមង្គល​ភាសា​បាលី​បឋ្យា​វគ្គ ៧ គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​ព្រះមហាក្សត្រ។

ព្រះអង្គ​ក៏​បាន​តែង​អត្ថបទ​ផ្សេងៗ ជា​ច្រើន​ទៀត នៅ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសនបណ្ឌិត្យ តាំង​ពី​ឆ្នាំ ១៩២៦ ហើយ​នៅ​មាន​អត្ថបទ​ធម៌​ផ្សេងៗ ដែល​ចុះ​នៅ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធចក្រ។

ប្រការ​សំខាន់​មួយ​ទៀត ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​និពន្ធ គឺ​និពន្ធ​នូវ​ទំនុក​ច្រៀង បទ នគរាជ សម្រាប់​ភ្លេងជាតិ​ខ្មែរ ឬ​បទ​គោរព​ទង់​ជាតិ ដែល​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ ព្រះអង្គ​ក៏​បាន​តែង​និពន្ធ​នូវ​ទំនុក​បទ​សរភញ្ញ ឬ​ធម៌​សូត្រ​ជា​បទ ជាដើម។

នូវ​រាល់​ស្នា​ព្រះហស្ត​ទាំង​ឡាយ​របស់​ព្រះអង្គ ទាំង​ផ្នែក​អក្សរសាស្ត្រ​ជាតិ និង​ទាំង​ផ្នែក​ធម៌​ក្ដី ដូច​​បាន​បញ្ជាក់​មក​នេះ រហូត​មក​ដល់​បច្ចុប្បន្ន ស្នាព្រះហស្ត​ទាំង​នោះ​នៅ​តែ​បាន​ដក់​ជាប់​ព្រម​ទាំង​មាន​ការ​កោត​សរសើរ​យ៉ាង​ក្រៃលែង ពី​សំណាក់​ពុទ្ធបរិស័ទ​ ប្រជា​ពលរដ្ឋ​កូន​ចៅ​ខ្មែរ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ដោយហេតុ គេ​ឃើញ​ថា​ស្នាព្រះហស្ត​អស់​ទាំង​នោះ គឺ​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ដល់​ការ​សិក្សា​របស់​គេ​ទាំង​ផ្លូវ​លោក ​និង​ផ្លូវធម៌។

នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​ចាប់​អារម្មណ៍​ពី​បញ្ហា​នេះ លោក ព្រាប ចាន់ម៉ារ៉ា សាស្ត្រាចារ្យ​ផ្នែក​អារ្យធម៌​ខ្មែរ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ស្នាដៃ​ដ៏​សំខាន់ៗ ជា​ច្រើន​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ក្នុង​នោះ​មាន​វចនានុក្រម​ខ្មែរ​ជា​ដើម គឺ​បាន​ជួយ​ឲ្យ​កូន​ចៅ​ខ្មែរ សិក្សា​ស្វែងយល់​អំពី​ការ​ប្រើ​អក្ខរាវិរុទ្ធ​បាន​ត្រឹមត្រូវ។

លោក ព្រាប ចាន់ម៉ារ៉ា៖ «កាល​ពី​មុន​ហ្នឹង​ការ​សរសេរ​អក្សរ​ខ្មែរ អក្ខរាវិរុទ្ធ​អី​ផ្សេង វា​មាន​លក្ខណៈ​មួយ​ផ្សេង​ទៀត ដែល​ជួន​ទៅ វា​ដូច​សព្វថ្ងៃ ជួន​ទៅ​វា​ខុស​សព្វថ្ងៃ។ ប៉ុន្តែ ក្រោយ​ពី​ឆ្នាំ ១៩១៥
មក វចនានុក្រម​ខ្មែរ​កើត​មក មាន​អ្នក​ខ្លះ​គេ​ស្គាល់​វចនានុក្រម​ទៅ គេ​ក៏​ប្រកប​កិច្ចការ​ជាមួយ​វចនានុក្រម​ទៅ សរសេរ​អក្ខរាវិរុទ្ធ​អី​គេ​ខំ​ផ្ទៀងផ្ទាត់​ជាមួយ។ រហូត​មក​ដល់​ព្រះ​សង្ឃរាជ ជួន ណាត លោក​ជួយ​កែ ជួយ​ថែមថយ​នាយអាយ ក្នុង​ទសវត្ស ៦០។ ជាពិសេស ដោយ​ហេតុ​ដូច្នេះ ទៅ​មក​ដល់​សព្វថ្ងៃ​នេះ​ការ​បោះពុម្ព​ផ្សាយ​វចនានុក្រម​នេះ គ្រា​ទី ៥ ហើយ មក​ដល់​ចុង​ទសវត្ស ៦០ ហ្នឹង»។

មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ លោក សូ វណ្ណា ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​អប់រំ បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ស្នាព្រះហស្ត​ទាំង​ឡាយ​របស់​ព្រះអង្គ ដែល​រួម​មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នោះ គេ​អាច​ចាត់​ទុក​ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​ពិត​ជា​អ្នកប្រាជ្ញ​ខ្មែរ​មួយ​រូប នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ជាតិ។

លោក សូ វណ្ណា៖ «សម្តេចសង្ឃ ជួន ណាត គឺ​លោក​បាន​បង្កើត​នៅ​ពាក្យពេចន៍​ផ្សេងៗ សម្រាប់​ឲ្យ​កូន​ខ្មែរ​យើង​ប្រើប្រាស់ ហើយ​នឹង​លោក​មាន​កម្មវិធី​ជា​ច្រើន និង​ពាក្យពេចន៍​របស់​ខ្មែរ​យើង​ហ្នឹង នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សកលលោក​ហ្នឹង គេ​បាន​ស្គាល់​អំពី​ប្រទេស​ខ្មែរ តាម​រយៈ​ព្រះសង្ឃ ជួន ណាត នេះ»។

ឯកសារ​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​បំពេញ​ការងារ​ជួយ​ជាតិ និង​សាសនា​រហូត​ដល់​ព្រះអង្គ​សោយ​ទិវង្គត គឺ​នៅ​ថ្ងៃ​១៤ កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ១៩៦៩ ក្នុង​ព្រះជន្មាយុ ៨៦ ព្រះវស្សា​នៅ​ក្នុង​វត្ត​ឧណ្ណាលោម រាជ​ធានី​ភ្នំពេញ។

ការ​ចូល​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​រហូត​មក​ដល់​ពេល​នេះ បាន​គម្រប់​ទី ៤១ ឆ្នាំ​ហើយ។ មក​ដល់​សម័យ​បច្ចុប្បន្ន គេ​ឃើញ​មាន​ការ​សាង​ព្រះ​រូប​សំណាក​របស់​ព្រះអង្គ​មួយ នៅ​ភ្នំពេញ ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ព្រះ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ និង​ឲ្យ​កូន​ចៅ​ខ្មែរ​ក្នុង​ជំនាន់​នេះ ព្រមទាំង​ជំនាន់​ក្រោយៗ បាន​ដឹង​ស្គាល់​អំពី​អ្នកប្រាជ្ញ​ខ្មែរ​មួយ​ព្រះអង្គ​នេះ៕

Loading...