kalib9

#សល់អ្វី? ជាសំណួរដែលខ្ញុំចោទសួរខ្លួនឯងជាមួយនឹងរឿងដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

ជនរងគ្រោះ ៖ ត្រូវស្លាប់បាត់បង់ជីវិត ទាំងខ្លួនមិនបានធ្វើអ្វីខុសសោះ មិនបានសូម្បីតែដឹងខ្លួនជាមុនថាខ្លួននឹងត្រូវស្លាប់ តើគាត់សល់អ្វី គឺមិនសល់អ្វីឡើយ សល់ត្រឹមអនុស្សា ការចងចាំ និងភាពសោកសង្រេង ស្ដាយស្រណោះ សម្រាប់អ្នកដែលនៅរស់តែប៉ុណ្ណេាះ។ គាត់សល់ត្រឹមបំណងប្រាថ្នា ដែលគាត់មិនទាន់បានសម្រេចក្នុងជីវិត គាត់សល់ត្រឹមស្នាមញញឹ និងក្ដីសង្ឃឹមដែលបានក្លាយទៅជាផេះផង់។

គាត់មិនដែលប្រាថ្នា ឬទាមទារភាពអស្ចារ្យអ្វីពីអ្នកណាឡើយ ក្រៅតែពីការខិតខំ ប្រឹងប្រែងតស៊ូជម្នះដោយកម្លាំងកាយ កម្លាំងចិត្ត កម្លាំងគំនិតខ្លួនឯង តែចុងក្រោយនៃជីវិត គឺគ្មានសល់អ្វីទេ។ សូមឱ្យ រីដា បានទៅកាន់សុគតិភព បើមានជាតិក្រោយពិត សូមឱ្យអ្នកមានជីវិតល្អប្រសើរ និងអាយុវែងជាងនេះ។

ជនបង្ក ៖ ត្រូវក្លាយជាឃាតករសម្លាប់មនុស្សទាំងវ័យនៅក្មេង ត្រូវអ្នកផងដែលបានដឹងឮខឹង និងស្អប់ ជេរដាក់បណ្ដាសារស្ទើររាល់ថ្ងៃ តើសល់អ្វី? វាជាវិប្បដិសារី ដឹងថាអ្នកមិនមានចេតនាសម្លាប់មនុស្សឡើយ តែទង្វើ ភាពឆេវឆាវ ការមិនចេះគ្រប់គ្រង់លើចិត្តគំនិត និងអារម្មណ៍របស់អ្នក វាជាអ្នកបង្កឡើង។

កើតមកលើគំនរមាសប្រាក់ រៀនបានចេះដឹង និងមានគ្រប់សព្វបែបយ៉ាង តែអកុសល ដែលអ្នកមិនមានភាពក្លាហាននឹងប្រឈមមុខ អ្នកមិនមានសតិគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវទៅលើផ្លូវអារម្មណ៍របស់ខ្លួនឯង។ នេះហើយជាលទ្ធផលនៃភាពឆេវឆាវរបស់អ្នក វាក្លាយជាដំបៅក្នុងចិត្តរបស់អ្នកពេញមួយជីវិត វាក៏បំផ្លាញកិត្តិយសគ្រួសារ បំផ្លាញផ្លូវអារម្មណ៍របស់អ្នកដូចគ្នា។

ចុងក្រោយនៃរឿងនេះតើនៅសល់អ្វី? ម្នាក់ស្លាប់ទាំងស្ដាយស្រណោះ ឯម្នាក់ទៀតនោះក៏មានឈ្មោះថាជាឃាតករអចេតនា តែដោយសារអារម្មណ៍ឆេវឆាវ បាត់បង់សតិទើបធ្វើឱ្យគ្រប់យ៉ាងក្លាយជាវិប្បដិសារីត្រឹមតែមួយប៉ប្រិចភ្នែក #សោកស្ដាយ៕

Loading...