kalib9

តើអ្នកណាខ្លះ ធ្លាប់ជួបអារម្មណ៍បែបនេះ?

– ធ្លាប់ត្រូវគេសុំបែកអត់?

– ធ្លាប់ត្រូវគេបដិសេធការស្រឡាញ់អត់?

– ធ្លាប់ត្រូវគេបដិសេធ ពេលយើងត្រូវការជំនួយអត់?

– ធ្លាប់ត្រូវគេព្រងើយកន្តើយ មិនអើពើអត់?

– ធ្លាប់ត្រូវគេមើលងាយ ជាន់ឈ្លីទឹកចិត្តអត់?

– ធ្លាប់ត្រូវគេក្បត់ និយាយដើម សើចចំអកក្រោយខ្នងអត់?

– ធ្លាប់ត្រូវគេ បំបាក់មុខ នៅចំពោះមុខមនុស្សជាច្រើនអត់?

– ធ្លាប់ត្រូវគេ​ បំផ្លាញទំនុកចិត្តអត់?

មិនដឹងទេថា អ្នកធ្លាប់ឆ្លងកាត់វាឬអត់ ធ្លាប់ទទួលបានប៉ុន្មានចំណុច តែខ្ញុំមិនជឿទេថា គ្រប់គ្នាមិនធ្លាប់ឆ្លងកាត់សោះនោះ។ ចង់ដឹងថា គ្រប់គ្នាមានអារម្មណ៍បែបណា​ ហើយទទួលបានមេរៀនអ្វីខ្លះពីវា កែប្រែយ៉ាងណាខ្លះព្រោះតែចំណុចទាំងនេះ។

ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំបានឆ្លងកាត់គ្រប់ចំណុចទាំងអស់ ហើយវាបានមកពីមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតទៀតផង

– ខ្ញុំធ្លាប់ សង្សារមុនសុំបែកទាំងមិនដឹងថាខ្លួនឯងខុសអ្វី។

– ខ្ញុំធ្លាប់ សុំស្រឡាញ់មនុស្សម្នាក់ ជាមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំង តែត្រូវបានគេបដិសេធ ធ្វើត្រឹមជាមិត្ត

– ខ្ញុំធ្លាប់ត្រូវមិត្តជិតស្និទ្ធបដិសេធ ក្នុងកាលៈទេសៈដែលចាំបាច់ ហើយត្រូវការឱ្យគេជួយបំផុត ទាំងដែលគេអាចជួយខ្ញុំបាន តែគេមិនជួយ។

– ខ្ញុំធ្លាប់ត្រូវមិត្តជាទីស្រឡាញ់ ព្រងើយកន្តើយ មិនអើពើ ព្រោះតែគេមានសង្សារ តែពេលគេមានបញ្ហាជាមួយសង្សារ គេបែរជាមករកខ្ញុំកំដរ

– ខ្ញុំធ្លាប់ត្រូវសាច់ញាតិ បងប្អូនឯង មើលងាយ បំបាក់ទឹកចិត្ត មិនមែនមើលងាយត្រឹមខ្ញុំទេ តែមើលងាយដល់គ្រួសារខ្ញុំទៀត។

– ខ្ញុំធ្លាប់ត្រូវមិត្តដ៏ល្អបំផុត និយាយដើមពីក្រោយខ្នង ចំអកឡកលើយ និយាយរឿងសម្ងាត់ខ្ញុំទៅប្រាប់សង្សារគេ មិត្តថ្មីរបស់គេ

– ខ្ញុំធ្លាប់ត្រូវ មិត្តដែលខ្ញុំស្រឡាញ់បំផុត បំបាក់មុខខ្ញុំនៅចំពោះមុខមនុស្សជាច្រើន ធ្វើឱ្យអ្នកដទៃ សើចចំអកខ្ញុំយ៉ាងអាម៉ាស់

– ខ្ញុំធ្លាប់ត្រូវមិត្តភក្តិបំផ្លាញទំនុកចិត្ត ព្រោះគិតថាគេជាមិត្ត តែគេបំផ្លាញភាពជឿជាក់ដែលខ្ញុំមានឱ្យគេ ម្ដងហើយម្ដងទៀត។

សួរថា បើអ្នកជាខ្ញុំមានអារម្មណ៍បែបណា​ ការទទួលរងនូវអារម្មណ៍ទាំងហ្នឹង ម្ដងហើយម្ដងទៀត វាធ្វើឱ្យខ្ញុំស្ទើរតែសម្លាប់ខ្លួនម្ដងម្កាល តែគិតទៅគិតមក មិនគួរណាទៅឈឺចិត្ត ឈឺក្បាល នឹងមនុស្សអស់ហ្នឹងទេ មិនគួរធ្វើបាបខ្លួនឯងឡើ។

ត្រឡប់មកវិញ យើងគួរតែធ្វើខ្លួនឱ្យរឹងមាំ អត់ធ្មត់នឹងគ្រប់យ៉ាង ហើយសាងជីវិតជាថ្មីដោយគ្មានពួកគេ ធ្វើយ៉ាងណា ឱ្យជីវិតបានល្អជាងគេ ធ្វើឱ្យគេបានឃើញថា យើងមិនចុះចាញ់ឡើយ

រក្សាសិទ្ធ : TSR Sharing

អត្ថបទ : Panha Roth

Loading...