kalib9

#អ្នកលំបាកមិនមែនមានតែយើងទេ

នៅពេលដែលយើងហត់នឿយ យើងតែងតែសម្រាក ដើម្បីបំប៉នកម្លាំង ។ នៅពេលដែលយើងឃ្លានខ្លាំង ពេលខ្លះយើងហូបរហូតហល់ ។ នៅពេលដែលមេឃក្ដៅហែង យើងក៏ស្រែកថាក្ដៅណាស់ ចង់ផឹកទឹក ឬចង់ទៅរកម្លប់ដើម្បីជ្រកបំបាត់ហត់។ នៅពេលដែលយើងហូបមិនឆ្ងាញ់ យើងប្រាកដជាទៅរកម្ហូបឆ្ងាញ់មកញាំ ។

នៅពេលដែលយើងឈឺថ្កាត់ យើងតែងតែទៅរកពេទ្យព្យាបាល។ នៅពេលដែលយើងអស់កម្លាំង យើងប្រាកដជាមិនអាចទៅមុខទៀតទេ យើងតែងតែនិយាយថា សម្រាកសិនទៅ បាត់ហត់ចាំបន្ដទៀត ឬរឿងហេតុអសកម្មជាច្រើនទៀតដែលវាជាកាយវិកាស្ដែងចេញពីសម្ដីនិងទង្វើរបស់យើង …។

គ្រប់ពេលដែលយើងហត់ខ្លាំង អ្នកដទៃក៏ចេះហត់ដែរ តែគេទ្រាំ…។ គ្រប់ពេលដែលយើងស្រែកថាលំបាកណាស់ អ្នកដទៃក៏គេចេះលំបាកដែរ…តែគេទ្រាំ ។ គ្រប់ពេលដែលយើងនៅក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង អ្នកដទៃក៏គេក្ដៅដែរ…តែគេទ្រាំ។

នៅពេលដែលយើង ចេះកើតទុក្ខ ចេះឈឺចាប់ ចេះស្រឡាញ់ ចេះចង់បាន ចេះទាមទារ ចេះផ្ដល់ឲ្យ ចេះចង់បានក្ដីអាណិតមេត្ដា ចេះនិយាយគ្រប់ពាក្យពេចន៍ដែលអាចនិយាយបានតាមចិត្ដ នេះជាអ្វីដែលយើងមាន វាពិតជាអស្ចារ្យណាស់ទៅហើយសម្រាប់យើង ខណៈពេលដែលជីវិតផ្សេងទៀតដែលរស់លើផែនដីដូចគ្នាតែពួកគេគ្មានអ្វីដែលយើងមាន ហើយជីវិតរបស់ពួកគេកំពុងឋិតក្នុងខ្នោះច្រវាក់នៃភាពជាទាសករឥតកោះត្រើយនោះ តើពួកគេកម្សត់ប៉ុនណាទៅ?

មានកូនមានចៅ ក៏មិនអាចបង្ហាញក្ដីស្រឡាញ់ មានជីវិតរស់នៅតែមិនមែនជារបស់ខ្លួនឯង មានជើងទាំងបួន មានស្លាបទាំងគូ ដូចសត្វផ្សេងទៀត អាចដើរអាចហោះបាន តែមិនអាចគេចចេញពីខ្នោះច្រវាក់របស់មនុស្សដដែល ហើយត្រូវរស់ជារបស់ផ្ដាច់មុខរបស់គេ រហូតដល់ថ្ងៃស្លាប់ ។

អ្នកកម្សត់មិនមែនមានតែអ្នកទេ មានអ្នកកម្សត់ជាងអ្នករាប់លានទៅទៀត គ្រាន់តែពួកគេខ្លះអាចស្រែកឡូឡា ហើយខ្លះទៀតមិនអាចស្ដីចេញបាន និងខ្លះទៀតទ្រាំ គឺទ្រាំរហូតដល់ពួកគេទៅមុខលេងរួច ៕

សម្បត្ដិ ខេមរា

Loading...