kalib9

ឆ្មាលោតកន្លងសាកសព តើមានអ្វីកើតឡើង? បើតាមជំនឿពីបុរាណ!! តើនេះមានពិតមែនឬទេ?

បើតាម​អប្បិយ​ជំនឿ សាសនា​តាវ​ប្រទេស​ចិន ពេល​មនុស្ស​ស្លាប់ ហើយ​ត្រូវ​ឆ្មា​ខ្មៅ​កន្លង សាកសព​នឹង​ដឹងខ្លួន​ឬ​ក្រោក​ពី​មឈូស​។
ចំណែក​នៅ​កម្ពុជា​វិញ រឿងនេះ​ក៏ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ដែរ​។ តើ​ពិតជា​បែបនេះ​មែន​ឬក៏​យ៉ាងណា​?

ថ្ងៃមួយ​ឪពុក​ខ្ញុំ បានទទួល​ទូរ​សព្ទ​ពី​មន្ទីរពេទ្យ​ថា ជីដូន​ខ្ញុំ​ស្លាប់​ដោយសារ​ខូច​សរីរាង្គ​ខាងក្នុង​។ ខ្ញុំ​ពិបាកចិត្ត​ណាស់​។ ភ្លាមៗ​នោះ ឪពុកម្ដាយ និង​សាច់ញាតិ​របស់ខ្ញុំ បាន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​យក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ពេល​ដឹក​សព​មកដល់​ផ្ទះ និង​រៀបចំ​ទុកដាក់​រួចហើយ ម្ដាយមីង​ខ្ញុំ​បាន​លាបម្សៅ ចំណែក​សាច់ញាតិ​ផ្សេង បាន​ពាក់​គ្រឿងអលង្ការ​ឱ្យ​គាត់ (​សព​)​។ ពិធីបុណ្យ​តាម​ប្រពៃណី​ក៏​ចាប់ផ្ដើម​ធ្វើ​នាពេល​ល្ងាច​នោះ​។ ពួកគេ​បានឱ្យ​ខ្ញុំ​លុតជង្គង់ កាន់​ធូប​មួយ​នៅ​ចន្លោះ​ម្រាមដៃ ហើយ​មនុស្ស​ជាច្រើន​បាន​គោរព​សព​ដោយ​ក្ដី​សោកស្ដាយ​។​

យប់​ទី​១​ឆ្លង​ផុត គ្មានអ្វី​កើតឡើង​។ ខ្ញុំ​បាន​អុជ​ក្រដាស អុជ​ធូប ខណៈ​ឪពុក​ខ្ញុំ​លេងបៀ​ជាមួយ​សាច់ញាតិ ដើម្បី​យាម​មឈូស ប៉ុន្តែ​ក្នុង​យប់​ទី​២ រឿង​ចម្លែក​មួយ​បានកើត​ឡើង ។ ពេល​ព្រះសង្ឃសម្ដែងធម៌ ផ្ដល់នូវ​ផ្ទះ​ក្រដាស ឡាន​ក្រដាស​ជាដើម​នោះ ស្រាប់​តែមាន​ឆ្មា​ខ្មៅ​មួយ​ក្បាល លោត​កន្លង​មឈូស​។

តាម​អប្បិយ​ជំនឿ បើសិន​ឆ្មា​ខ្មៅ​កន្លង​សព សព​នឹង​ដឹងខ្លួន និង​ក្រោក​ឡើង ហើយ​សព​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ឡើយ​។ រំពេច​នោះ​ខ្ញុំ​បាន​ដេញ​ឆ្មា​ចេញ​។ ពេលយប់​ខ្ញុំ​សម្រាក ខ្ញុំ​បានឮ​សំឡេង​ស្រី ស្រដៀង​សំឡេង​លោកយាយ​របស់ខ្ញុំ​។​ ប្រាប់​គ្រួសារ​យើង​ផង​ថា យើង​ចូលចិត្ត​ផ្ទះ​ដែល​ដុត​ឱ្យ​យើង​នេះ​ខ្លាំងណាស់​” ខ្ញុំ​ព្រឺក្បាល​ប៉ុន​កញ្ជើ​…​ដេក​មិន​លក់​បក់​មិន​ល្ហើយ ធ្វើ​អី​មិនកើត​ពេញ​មួយ​យប់​។ ខ្ញុំ​អត់​ហ៊ាន​ទៅណា​ទាំងអស់​។ ព្រឹក​ឡើង ខ្ញុំ​បាន​ប្រាប់​រឿងរ៉ាវ​ដល់​សាច់ញាតិ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់​ជឿ​ខ្ញុំ​ទេ​។​

ថ្ងៃ​ចុងក្រោយ ម្ដាយ និង​មីង​ខ្ញុំ បាន​ជជែក​គ្នា​ពី​ការស្លាប់​របស់​លោកតា (​ស្លាប់​ពីមុន​) នៅ​ខាងក្រៅ​។ ភ្ញាក់​ព្រឺ​ត ព្រោះ​កៅអីអង្គុយ​មួយ បានចាប់ផ្ដើម​ដើរទៅ​កាន់​ម្ដាយ និង​មីង​របស់ខ្ញុំ​។ សំឡេង​ស្រែក​ភ្លាត់មាត់ បាន​បន្លឺឡើង​ផ្អើល អ្នក​នៅ​បុណ្យ​ទាំងអស់​។ ពួកគាត់​ឈប់​និយាយ ហើយក៏​រត់​សំដៅទៅ​កុងម៉ា​អុជ​ធូប ព្រោះ​ពួកគាត់​ជឿថា ព្រលឹង​លោកយាយ ចាប់អារម្មណ៍​លើ​រឿង​លោកតា​។​

ថ្ងៃ​ចុងក្រោយ​ជា​ថ្ងៃ ដែល​គ្រួសារ​ខ្ញុំ​កើតទុក្ខ​បំផុត​។ ពួកយើង​បាន​បួងសួង​ជូន​លោកយាយ​ជា​លើកចុងក្រោយ​មុន​បូជា​។ សំឡេង​ស្រែកយំ បាន​បន្លឺ​លាន់​ទ្រហឹង​។ ថ្ងៃ​បន្ទាប់​ពួកយើង​បាន​រើស​ឆ្អឹង​មក​ទុក​។​

អាកា​រៈ​ព្រឺ​សម្បុរគីង្គក់ បាន​កើតឡើង​ជាថ្មី​ម្ដងទៀត សម្រាប់​គ្រួសារ​ខ្ញុំ ព្រោះ​យើង​មានជំនឿថា នៅ​ថ្ងៃទី​៧ ព្រលឹង​ខ្មោច​នឹង​មកលេង​។ ពួកយើង​បាន​បាច​ម្សៅ​លើផ្ទះ ព្រោះ​គេ​ជឿថា​ពេល​ខ្មោច​មកលេង នឹងមាន​ដានជើង​ជាប់​លើ​ម្សៅ​។​

ពេលយប់​គ្រួសារ​សាច់ញាតិ​ខ្ញុំ​អត់​ដេក​ទេ ព្រោះ​នៅចាំ​មើល លើកលែងតែ​ប្អូនជីដូនមួយ​អាយុ​៥​ឆ្នាំ ដែល​កំពុង​លង់លក់​។ ស្រាប់តែ​ប្អូន​ខ្ញុំ​ស្រែក​យ៉ាងខ្លាំង​។ វា​ប្រាប់​ពួកយើង​ថា យាយ​មកលេង​។ ពេលមកដល់​កុងម៉ា ខ្ញុំ​ឃើញថា​កញ្ចូញមាន់ ដែល​លោកយាយ​ចូលចិត្ត​បាត់ស្រមោល ហើយ​លើ​ឥដ្ឋ​ឃើញ​មាន​ស្នាមជើង​តូចៗ ខ្ញុំ​ស្គាល់​ថា​ជា​ដានជើង​យាយ​ខ្ញុំ​។

​សាច់រឿង​ឆ្មា​កន្លង​សព​នេះ ជាការ​ចែករំលែក​បទ​ពិសោធន៍ របស់​មិត្ត​អ្នកអាន​ជនជាតិ​ចិន​ម្នាក់​។ ជន​ជាតិចិន​ម្នាក់នេះ បាន​សរសេរ​ទៅកាន់​គេហទំព័រ Oocities​។ ក្រោយ​អាន​រឿងនេះ តើ​ប្រិយមិត្ត​ជឿ​អត់​? តើ​ធ្លាប់​ឮ​ចាស់ៗ​និយាយ​រឿងនេះ​ដែរឬទេ​?៕​

Loading...