kalib9

ការមើលឃើញនូវត្រីដ៏កម្រនៅក្នុងប្រទេសជប៉ុនបានធ្វើឱ្យមានការព្រួយបារម្ភពីការរញ្ជួយដីនិងរលកយក្សស៊ូណាមី!!!

ជប៉ុន៖ ការព្រួយបារម្ភពីគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមាននៅក្នុងប្រទេសជប៉ុនកំពុងតែល្បីតាមប្រព័ន្ធអ៊ីនធឺណេតបន្ទាប់ពីការមើលឃើញត្រីទឹកជ្រៅដ៏កម្រដែលគេជឿថានឹងអាចមានការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅលើទឹកដីប្រទេសជប៉ុន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ត្រីទឹកជ្រៅដ៏កម្រចំនួន២ក្បាល Oarfish ឬគេហៅថា ត្រីនាគ ត្រូវបានជាប់សំណាញ់អ្នកនេសាទ នៅឯតំបន់ភាគខាងជើង នៃអាណាខេត្ត Toyama ហើយនេះក៏ជាត្រីទី៧ផងដែរ ដែលអ្នកនេសាទចាប់បាន។

ជាក់ស្តែង គ្រាន់តែនាដើមសប្តាហ៍មុននេះ ត្រី Oarfish មួយក្បាល ប្រវែង ៣,២ម៉ែត្រ ក៏ត្រូវបានគេប្រទះឃើញអណ្តែតមកទើរនៅលើឆ្នេរ Toyama ខណៈឯត្រីប្រភេទនេះមួយក្បាលទៀត ក៏ត្រូវបានជាប់ក្នុងសំណាញ់អ្នកនេសាទ នៅឯកំពង់ផែ Imizu ផងដែរ។

យ៉ាងណាមិញ ជុំវិញនឹងករណីចាប់បានត្រី Oarfish នេះដែរ បើតាមជំនឿប្រពៃណីរបស់ជនជាតិជប៉ុន គេហៅថា «Ryugu no tsukai» ឬមានន័យថា «Messenger from the Sea God’s Palace» ដែលមានន័យជាភាសាខ្មែរយើងថា ជាដំណឹងឬសារមកពីស្តេចដែនសមុទ្រ ដែលនឹងអាចកើតមានគ្រោះរញ្ជួយដីនៅក្រោមទឹក។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកវិទ្យាសាស្រ្តជាច្រើន ក៏បានជំទាស់ទៅនឹងការអះអាង ឬសេចក្តីជំនឿមួយនេះផងដែរ។ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា វាគ្មានភស្ថុតាងជាក់លាក់ណាមួយ អំពីទ្រឹស្តីនៃការលេចរូបរាងរបស់ត្រី Oarfish មកលើដីគោក ដែលនឹងអាចកើតមានគ្រោះរញ្ជួយដីដ៏ធំនោះទេ។

ផ្ទុយទៅវិញ វាអាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ការឡើងកម្ដៅនៃផែនដី ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វត្រីទឹកជ្រៅបែបនេះ។ តែទោះយ៉ាងណា អ្នកវិទ្យាសាស្រ្តក៏បានសង្កត់ធ្ងន់ដែរថា នេះគ្រាន់តែជាហេតុផលសមស្របមួយ ហើយក៏មិនបដិសេធទាំងស្រុង ទៅលើជំនឿរបស់ជនជាតិជប៉ុននោះឡើយ។

គួរឲ្យដឹងផងដែរថា បើយោងតាមកាសែតក្នុងស្រុក វាអាចចាត់ទុកបានថា ជាអាថ៌កំបាំងមួយរបស់ត្រី Oarfish ព្រោះថាកាលពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នាកំឡុងឆ្នាំ២០១១ ក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្សច្រើនជាង ២ម៉ឺននាក់នោះ ត្រី Oarfish ជាច្រើនក្បាល ក៏ធ្លាប់បានបង្ហាញខ្លួននិងងាប់បែបនេះដូចគ្នា រហូតត្រូវបានគេជឿថា វាជាត្រីនាំសារពីសាគរ(សមុទ្រ)មុនគ្រោះមហន្តរាយធម្មជាតិជិតកើតឡើងផងដែរ ៕

edition.cnn.com

Loading...