kalib9

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់​​ ទោះ​ជា​ជួប​​នឹង​រឿង​មិន​ល្អ​មិន​ល្អោច​ប៉ុណ្ណា ជើង​ក៏​នៅ​តែ​ប្រឹង​ដើរ​ទៅ​មុខ​ទៀត ព្រោះ​ជីវិត​ជា​ការ​តស៊ូ

សំឡេង​យំ​ខ្សឹក​ខ្សួល​ កាយ​វិការ​មិន​ចង់​ឃ្លាត មិន​ចង់​ដាច់​អាល័យ បាន​លេច​ផុស​ឡើង​ នៅ​ពី​​មុខ​នេត្រា​ទាំងទ្វេ​របស់​ខ្ញុំ។ ​សំឡេង​ប្រកាស​ជើង​ហោះ​ហើរ ក៏​បាន​បន្លឺ​ឡើង ជា​សញ្ញា​ប្រកាស​ថា​ឃ្លាត។ ឃ្លាត​ហើយ​! ឃ្លាត​គ្នា​ពេល​នេះ តើ​ពេល​ណា​បាន​ជួប​ទៀត?

«ម៉ែ! កូន​ទៅហើយ​ណា៎!» យុវនារី​ជា​កូន​និយាយ​ទាំង​ខ្សឹក​ខ្សួលទាំង​កាយ​វិការ​អាឡោះ​អាល័យ។​

«ទៅ​ចុះ​ណា៎! កុំ​បារម្ភ​ពី​ម៉ែ​អី! សូម​ឲ្យ​ជីវិតកូន​ជួប​តែ​ភាព​ស្កប់​ស្កល់​​ណា៎កូន!»

«ម៉ែ! កូន​ស្រលាញ់​ម៉ែ! ឲ្យ​តែ​បាន​ឃើញ​មុខ​ម៉ែ ឲ្យ​តែ​បាន​នៅ​ជាមួយ​ម៉ែ នោះ​ហើយ​វា​លើស​ពី​ភាព​ស្កប់​ស្កល់​​ដែល​កូន​ចង់​បាន​ទៅ​ទៀត។ កូន​មិន​ចង់​ឃ្លាត​សោះ តែ​ក៏​មិន​​អាច​ប្រកែក​បាន។​ កូន​ទៅ​ហើយ​ណា៎! ម៉ែ! សូម​ឲ្យ​ជីវិត​ម៉ែ​ជួប​តែ​ភាព​គ្រប់គ្រាន់​ដូច​គ្នា​ណា៎។ កូន​ទៅ​ហើយ!» កូន​ស្រី​និយាយ​ដោយ​អោប​លា​ម្តាយ ទាំង​ទឹក​ភ្នែក​រហេម​រហាម និយាយ​​ខ្សឺត​ខ្សក​។ និយាយ​រួច នាង​ក៏​ដើរ​ចេញ​ទៅ។​

ស្រ្តី​ជា​ម្តាយ​ចេះ​តែ​ដើរ​រេ​រា​ចុះ​ឡើង​នៅ​ម្តុំ​កន្លែង​ដែល​ខ្ញុំ​អង្គុយ​។​ ភ្នែក​គាត់ ចេះ​តែ​សំឡឹង​តាម​មើល​កូន​ស្រី។​ ខ្ញុំ​ដឹង ថា​គាត់​ចង់​យំ។ ថា​គាត់​ពិត​ជា​ចង់​យំ​ណាស់។ ប៉ុន្តែ​គាត់​ខំ​ទប់​ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់។​ ឃើញ​បែប​នេះ ខ្ញុំ​ក៏​ចង់​សួរ​នាំ​ដែរ​ តែ​គិត​ថា​មិន​សម ខ្ញុំ​ក៏​នៅ​ស្ងៀម។ ប៉ុន្តែ​នៅ​សុខៗ​ស្រាប់​តែ​គាត់​ដើរ​មក​ជិត​ខ្ញុំ ហើយ​អង្គុយ​ជិត​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​មាន​ធ្លាប់​លា​គ្នា​ជាមួយ​នរណា​ដែល​​យើង​នឹង​បែក​គ្នា​រហូត​ដែរ​ទេ?​

«អ៊ឹម!!!! (ខ្ញុំ​ជ្រួញ​ចិញ្ចើម) មិនច្បាស់​ទេ។ ស្អី​ទៅ​ជា​ការ​លា​ដំណើរ​គ្នា​បែក​គ្នា​រហូតដែល​អ៊ំសួរ​? ខ្ញុំ​មិន​យល់​ន័យ​ទេ»​

«មើល​អ៊ំ​​ទៅ អាយុ​អ៊ំ​​ក៏​ណាស់​ដែរ ហើយ​កូនអ៊ំ​​ឥឡូវ​ក៏​ទៅ​ឆ្ងាយ​ទៀត។ កូន​អ៊ំ​ទៅ​លើក​នេះ អ៊ំ​​ដឹង​​ពេល​ដែល​កូន​អ៊ំ​មក​លើក​ក្រោយ ពេល​នោះ​ហើយ ​ប្រហែល​ជា​ពេល​ដែលកូន​អ៊ំ​​ត្រូវ​ជូន​ដំណើរ​​អ៊ំ​ជា​លើក​ចុង​ក្រោយ។ នេះ​ហើយ​ជា​ការ​លា​គ្នា​បែក​គ្នា​រហូត​ដែល​អ៊ំ​ចង់​សំដៅ​ដល់​នោះ​»​ គាត់​និយាយ​ទម្លាក់​ទឹក​មុខ​ចុះ ព្រម​ជាមួយ​នឹង​ការដក​ដង្ហើម​ធំ ហ៊ឺម…។​

«អ៊ំ​ប្រកាន់​ទេ ដែល​ខ្ញុំ​សុំ​សួរ​អ៊ំ​រឿង​មួយ?»

«សួរ​រឿង​អី​ក្មួយ?»

«ពេល​ដែល​ពួក​អ៊ំ​និយាយ​លា​គ្នា​នោះ ខ្ញុំ​ឮ​អ៊ំ​​និយាយ​ជាមួយ​កូន​អ៊ំ​ថា សូម​ឲ្យ​ជួប​តែ​ភាពស្កប់​ស្កល់។​ វា​ចំឡែក​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិនដឹង​ថា​ពាក្យ​ហ្នឹង វា​មាន​ន័យ​ថាម៉េច? ស្កប់​ស្កល់​​ស្អីទៅ?»

«អូហ៍! ពាក្យ​ហ្នឹងទេហេ៎!» គាត់​ឧទាន​ទាំងអំណរ​ពេល​ដែល​ឮ​ខ្ញុំ​សួរ​គាត់​ចឹង។​

«ពាក្យ​ហ្នឹង អ៊ំចេះ​មក​ពី​ពុក​ម៉ែ​អ៊ំ។ ពួក​គាត់​ចូល​ចិត្ត​និយាយ​ពាក្យ​នេះ​ណាស់ ទៅ​កាន់​មនុស្ស​គ្រប់គ្នា​ដែល​គាត់​ជួប…» គាត់​បន្ត ហើយ​​ក៏​ផ្អាក​បន្តិច ដោយ​ងើយ​មើល​ទៅ​លើ​ ហាក់​ដូច​ជា​រក​នឹក​អ្វី។ គាត់​ញញឹម ហើយ​ក៏​បន្ត​៖​

46485307_726849731028048_2000909286204506112_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

«…ពេល​​ដែល​យើង​និយាយ​ថា សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់​នោះ​ មាន​ន័យ​ថា​យើង​ចង់​ឲ្យ​គេ​ចេះ​​រក​សេចក្តី​សុខ​មក​ដាក់​ខ្លួន។ កាល​ណា​ដែល​ចិត្ត​យើង​ចេះ​ស្កប់​ស្កល់ ចេះ​ពេញ​ចិត្ត​​នឹង​អ្វី​ដែល​យើង​មាន អ្វី​ដែល​យើង​ជួប នោះ​ហើយអ្វី​ដែល​កើត​មាន សុទ្ធ​តែ​ជា​រឿងល្អៗ​ទាំង​អស់​…»​

គាត់​ងាក​សំឡឹង​មក​ចំ​ភ្នែក​ខ្ញុំ ហើយ​គាត់​ក៏​ពោល​នូវ​ឃ្លា​មួយ​ចំនួន​ដែល​គាត់​ខំ​រក​នឹក​បណ្តើរនិយាយ​ប្រាប់ខ្ញុំ​បណ្តើរ។​

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់​​ ទោះ​ជា​ជួប​​នឹង​រឿង​មិន​ល្អ​មិន​ល្អោច​ប៉ុណ្ណា ជើង​ក៏​នៅ​តែ​ប្រឹង​ដើរ​ទៅ​មុខ​ទៀត ព្រោះ​ជីវិត​ជា​ការ​តស៊ូ។​

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់​ ទោះ​ជា​ជួប​នឹង​រឿង​ល្អ​មាន​លាភ​សក្ការៈ​ប៉ុណ្ណា យើង​ក៏​នៅ​តែ​មិន​ភ្លេច​ខ្លួន​ មិន​ហ៊ាន​តំឡើង​ខ្លួន ព្រោះ​ខ្លួន​ក៏​ធ្លាប់​​លំបាក​។​

សូម​ឲ្យ​ជួប​តែ​ភាពស្កប់​ស្កល់ ទោះ​ជា​សប្បាយយ៉ាង​ណា ក៏​មិន​ត្រូវភ្លេច​ខ្លួន ​ធ្លោយ​ខ្លួន ព្រោះ​ថ្ងៃ​នេះ​អាច​សប្បាយ​ ថ្ងៃ​ក្រោយ​ក៏​អាច​ទុក្ខ​។​​

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់​ ទោះ​ជា​ទុក្ខ​សោក​ប៉ុណ្ណា ក៏​គ្រាន់​តែ​ជា​ពេល​មួយ​ខណៈ។ កើត​ជាមនុស្ស កើត​ទុក្ខ​ក៏​មួយ​ថ្ងៃ សប្បាយ​ចិត្ត​ក៏​មួយ​ថ្ងៃ។ ហេតុអី​ក៏​ត្រូវ​ពិបាក​ចិត្ត​ច្រើន​ហ្ន៎?​

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់ ថ្ងៃ​នេះ​យើង​បាន​នេះ តែ​មិន​​ប្រាកដ​ថា​យើងនឹង​បាន​​នោះ​ទៀត​ទេ។​​

សូម​ឲ្យ​ជួប​តែ​ភាព​ស្កប់​ស្កល់ ទោះ​ជា​បាត់​បង់ ក៏​គ្មាន​អ្វី​ដែល​ត្រូវ​ខ្វល់។ គ្មាន​អ្វី​ដែល​ជា​ទៀង​ទាត់ ទោះ​ស្លាប់ ក៏​មិន​អាចយក​ទៅ​​​បាន។​

សូម​ឲ្យ​ជួប​តែ​ភាពស្កប់​ស្កល់​ ថ្ងៃ​នេះ​យើងសួស្តី ថ្ងៃ​ក្រោយ​យើង​លា​​។ ជួប​គ្នា​នៅ​ថ្ងៃ​នេះ មិន​ដឹង​ថា​ពេល​ណា​បាន​ជួប​គ្នា​ទៀត​។​

និយាយ​បាន​ប៉ុណ្ណេះ គាត់​ក៏​ឈប់។ គាត់​ក្រោក​ឡើង ហើយ​ដើរ​ចេញ​ទៅ។ ខ្ញុំ​ដឹង​ថា​គាត់​យំ។​ គាត់​យំ​ហើយ!​

😢​ពាក្យ​ចាស់​មួយ​បាន​និយាយ​ថា ចង់​រក​បាន​មនុស្ស​ពិសេសអាច​ប្រើ​​ពេលមួយ​នាទី ចង់​អរគុណ​មនុស្ស​ម្នាក់តបស្នង​គុណ​មនុស្ស​ម្នាក់អាច​ប្រើ​ពេល​មួយ​ម៉ោង ស្រលាញ់​មនុស្សអាច​ប្រើ​ពេល​មួយ​ថ្ងៃ តែ​បើ​ចង់​កាត់​ចិត្ត​ពី​​មនុស្ស​ម្នាក់អាច​ប្រើ​ពេល​មួយ​ជីវិត… ហ៊ឹម….

#ភាសាអារម្មណ៍

Loading...